Paris Peace Accords 23 Oct. 1991

Wednesday, October 8, 2014

មេធាវី​ អន្តរជាតិ​ ប្ដឹង​មន្ត្រី​ កម្ពុជា​ ទៅ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ​ រឿង​រំលោភ​ ដី​ពលរដ្ឋ | International lawyer sues Cambodian officials to International Criminal Court re landgrabbing

មេធាវី​ អន្តរជាតិ​ ប្ដឹង​មន្ត្រី​ កម្ពុជា​ ទៅ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ​ រឿង​រំលោភ​ ដី​ពលរដ្ឋ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ តុលា ២០១៤

ជម្លោះ​ដី កំពង់ស្ពឺ ៣០៥
ប្រជាពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ះ​ទង្គិច​គ្នា ក្នុង​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា ទាក់​ទិន​នឹង​ជម្លោះ​ដី​មួយ​កន្លែង​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
RFA/Uon Chhin

មេធាវី​ អន្តរជាតិ តំណាង​ ឲ្យ​ពលរដ្ឋ​ខ្មែរ ​រងគ្រោះ​ ដោយ​ការ​ រំលោភ​ដីធ្លី ដាក់​បណ្ដឹង ទៅ​តុលាការ ​ព្រហ្មទណ្ឌ ​អន្តរជាតិ (ហៅ​កាត់​ ថា អាយស៊ីស៊ី, ICC) នៅ​ទីក្រុង​ ឡាអេ (The Hague) នៅ​ថ្ងៃ​ ទី​៧ ខែ​តុលា។  បណ្ដឹង​នោះ ស្នើ​ ឲ្យ​បើក​ ការ​ស៊ើប​អង្កេត ​ជំហាន​ដំបូង ចំពោះ ​បទ​ឧក្រិដ្ឋ ប្រឆាំង មនុស្ស​ជាតិ ពាក់ព័ន្ធ​ នឹង​ការ​បណ្ដេញ​ ពលរដ្ឋ ​ដោយ​បង្ខំ​ចេញ​ ពី​លំនៅឋាន។

អង្គការ​ មិន​មែន ​រដ្ឋាភិបាល ធ្វើ​ការងារ​ ធានា​សិទ្ធិ​ លំនៅឋាន និង​សិទ្ធិ​ពលរដ្ឋ ស្វាគមន៍​ ចំពោះ​ ការ​ដាក់​បណ្ដឹង​ ទៅ​តុលាការ​ អន្តរជាតិ ​របស់ ​មេធាវី​ តំណាង​ ជន​រងគ្រោះ ​ដោយ​ការ​រំលោភ​ ដីធ្លី រំពឹង​ ថា, បណ្ដឹង​នេះ ​នឹង​ជួយ​ ឲ្យ​​ជន​រងគ្រោះ​ ទទួល​បាន​ យុត្តិធម៌។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ភាព​អស់​សង្ឃឹម​ចំពោះ​ការ​ស្វែង​រក​យុត្តិធម៌​ក្នុង​ស្រុក អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​ពួក​គាត់​ស្វែង​រក​អន្តរាគមន៍​ពី​ អន្តរជាតិ៖ «ប្រជាពលរដ្ឋ​ដូចជា​ស្រមោច​ទឹក​ជំនន់​ចឹង គាត់​ប៉ះ​អី​តោង​ហ្នឹង។ ចឹង​ខ្ញុំ​គិត​ថា បើ​សិន​ជា​រក​ឃើញ​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​គាត់​បាន​សប្បាយ​ចិត្ត ពេញ​ចិត្ត​នឹង​អ្វី​ដែល​តុលាការ​គាត់​បាន​ប្រើ​ប្រាស់​សមត្ថភាព​របស់​គាត់ បាន​ចាត់​វិធានការ ឬ​កាត់​ទោស​ទៅ​តាម​អ្វី​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត។»

ប្រធាន​សមាគម​អាដហុក (ADHOC) ដែល​ជា​សមាជិក​មួយ​នៃ​អង្គការ ហ្វីដ (FIDH: International Federation for Human Rights) លោក ធន សារាយ ថ្លែង​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​ពី​បណ្ដឹង​នេះ​ទេ ប៉ុន្តែ​លោក​ស្វាគមន៍​បណ្ដឹង​នេះ៖ «តើ​វា​មាន​ន័យ​ថា ការ​បណ្ដេញ​រឿង​ដីធ្លី​នេះ ជា​បទ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ​ដែរ​ឬ​អត់​នោះ ខ្ញុំ​មិន​ច្បាស់​ដែរ​ទេ ពីព្រោះ​អ្នក​ច្បាប់​ខ្លះ​ថា ការ​បណ្ដេញ​ចេញ​ដោយ​នយោបាយ រឿង​ពូជសាសន៍ សាសនា ទើប​អាច​ចូល​ទៅ​ក្នុង​រឿង​បណ្ដេញ​ចេញ​ដោយ​បង្ខំ ពីព្រោះ​នៅ​ក្នុង​ហ្នឹង​មាន​បទល្មើស​មួយ​គេ​ថា​ជា​បទល្មើស​ប្រឆាំង​មនុស្ស​ ជាតិ។»

ការ​បង្ហាញ​ទស្សនៈ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​បន្ទាប់​ពី​មេធាវី​ អន្តរជាតិ លោក រីឆាត រ៉ូជើ (Richard Rogers) ដាក់​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ អាយស៊ីស៊ី ក្នុង​នាម​ជន​រងគ្រោះ។ ក្នុង​បណ្ដឹង​នោះ​ចោទ​ប្រកាន់​ថា ការ​កើន​ឡើង​នៃ​បញ្ហា​ជម្លោះ​ដីធ្លី​មាន​សភាព​ជា​ប្រព័ន្ធ ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មក​នេះ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បណ្ដឹង​ដដែល​បង្ហាញ​ថា សមាជិក​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល កង​សន្តិសុខ និង​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​រំលោភ​បំពាន​លើ​ពលរដ្ឋ​សាមញ្ញ ដើម្បី​បំពេញ​គោល​បំណង​ចម្បង​ពីរ គឺ​យក​មាន​យក​បាន​ខ្លួន​ឯង និង​ការពារ​អំណាច​នៃ​ក្រុម​ខ្លួន បើ​ទោះ​ជា​ត្រូវ​ចំណាយ​ប៉ុន្មាន​ក៏ដោយ។ អំពើ​ឧក្រិដ្ឋ​ទាំង​ឡាយ​នោះ​រួម​បញ្ចូល​ករណី​ឃាតកម្ម ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់ និង​ការ​រំលោភ​បំពាន និង​សកម្មភាព​ធ្វើ​អោយ​បាត់​បង់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​មួយ​ចំនួន​ ទៀត។

លោក រីឆាត រ៉ូជើ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សហព័ន្ធ​អង្គការ​ការពារ​ សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​កាត់​ថា​ហ្វីដ ថា បណ្ដឹង​នេះ​នឹង​ផ្ដល់​ឱកាស​អោយ​រដ្ឋអាជ្ញា​នៃ​តុលាការ​អន្តរជាតិ បំពេញ​តួនាទី​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ លោក​បញ្ជាក់​ទៀត​ថា អន្តរាគមន៍​របស់​អាយស៊ីស៊ី នឹង​ដាក់​សម្ពាធ​អោយ​រដ្ឋាភិបាល ពិចារណា​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី។

ប្រធាន​សហព័ន្ធ​ហ្វីដ លោក ការីម ឡាហីដជី (Karim Lahidji) ថ្លែង​ដែរ​ថា បណ្ដឹង​នេះ​នឹង​បង្ហាញ​អោយ​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​ប្រព័ន្ធ​យុត្តិធម៌ ​នៅ​កម្ពុជា ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​អោយ​ជន​រងគ្រោះ។ លោក​សង្ឃឹម​ថា ការ​ចូលរួម​របស់​អាយស៊ីស៊ី នឹង​ជួយ​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មាន​ប្រសាសន៍​ថា បណ្ដឹង​ទៅ​អាយស៊ីស៊ី នៅ​ពេល​នេះ មាន​ចរិត​នយោបាយ​ប្រឆាំង ច្រើន​ជាង​ការ​ស្វែង​រក​យុត្តិធម៌៖ «រាជ​រដ្ឋាភិបាល​មាន​យន្តការ​បាន និង​កំពុង​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​ទៀត។ ចឹង​មេធាវី​ហ្នឹង​ហាក់​បី​ដូច​ជា​មាន​ចរិត​ជា​នយោបាយ មាន​ន័យ​ថា​មាន​និន្នាការ​គាំទ្រ​ក្រុម​ប្រឆាំង​ហ្នឹង យក​មក​ច្របល់​នឹង​វិជ្ជាជីវៈ​ខ្លួន ហើយ​យក​ទៅ​បំប៉ោង​ដើម្បី​បង្ខូច​កិត្តិយស​កម្ពុជា។»

នៅ​ក្នុង​បណ្ដឹង​ទៅ​អាយស៊ីស៊ី លោក រ៉ូជើ បញ្ជាក់​ថា ក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លង​ទៅ ការ​ប៉ាន់​ប្រមាណ​ផល​ប៉ះពាល់​បង្ហាញ​ថា ពលរដ្ឋ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ដែល​ស្មើ​ប្រមាណ ៦% នៃ​ពលរដ្ឋ​សរុប​រងគ្រោះ​ពី​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា ក្នុង​នោះ​មាន​ចំនួន​ ១៤៥.០០០​នាក់ ត្រូវ​បណ្ដេញ​ដោយ​បង្ខំ​ចេញ​ពី​រាជធានី​ភ្នំពេញ៕


No comments:

Post a Comment